សុភាសិត ទី១០៖ “ម្តាយនឹកកូន ដូចចង្វាប្រដេញ កូននឹកម្តាយវិញ ដូចព្រះប្រែខ្នង”

សុភាសិត ទី១០៖

“ម្តាយនឹកកូន ដូចចង្វាប្រដេញ
កូននឹកម្តាយវិញ ដូចព្រះប្រែខ្នង”

អត្ថាធិប្បាយ

រឿងនេះគឺនិយាយពីទឹកចិត្តម្តាយ និងទឹកចិត្តកូន ដែលស្រឡាញ់ ឬនឹករលឹកគ្រាដែលបែកឆ្ងាយពីគ្នា។ ស្ទើរតែគ្រប់មាតាទាំងអស់, កាលណាកូនបែកទៅទីឆ្ងាយ រមែងនឹករលឹកមកកូនយ៉ាងខ្លាំង, គេងគិតអង្គុយគិត ចាំមើលផ្លូវកូន។ ការនឹករលឹកបែបនេះ លោកប្រៀបប្រដូចទៅនឹងត្រីចង្វា ដែលដេញតាមចឹកចំណីក្នុងទឹក ។

ហ្វូងត្រីចង្វា កាលណាជួបប្រទះដុំចំណីអ្វីមួយ, វានាំគ្នាចឹកពពាក់ពពូន ខ្ចាយទឹក ឥតរាថយក្រោយទេ រហូតដល់អស់រលីង ទើបពួកវាទៅបាត់។ យ៉ាងណាម៉ិញ, ម្តាយនឹកកូន មិនខុសពីត្រីចង្វានេះទេ ចិត្តគិតជាប់ ឥតភ្លេចកូនសោះ លុះត្រាតែថ្ងៃមួយបានឃើញមុខកូន ទើបការនឹករលឹកនោះ រលាយបាត់។
និយាយពីខាងកូនវិញ, តើកូនគេនឹកម្តាយយ៉ាងនេះដែរឬទេ? តាមសម្លោកខាងលើ លោកថា “ដូចព្រះប្រែខ្នង !” តើព្រះប្រែខ្នង មានន័យយ៉ាងណា?

ព្រះពុទ្ធរូបបដិមាករ ដែលគេតម្កល់សម្រាប់ថ្វាយបង្គំនៅទីណាមួយ បើយើងទៅអង្គុយខាងក្រោយខ្នងព្រះអង្គ យើងប្រាកដជានៅខាងក្រោយនោះរហូត មិនអាចឃើញព្រះភ័ក្ត្រព្រះអង្គបានទេ ។ ហេតុអ្វី? ពីព្រោះព្រះអង្គ មិនអាចងាក មកមើលយើង បានសោះឡើយ! ។

ដកស្រង់ចេញពី៖ រសជាតិភាសាខ្មែរ