វិធីសាស្រ្តការពារខ្លួននៅពេលជួបប៉ះចំ ឆ្កែកាច

រាល់ថ្ងៃ ដើរទៅណា មកណា ជួបសត្វឆ្កែសឹងតែគ្រប់កន្លែង។ ប៉ុន្តែប្រសិនបើថ្ងៃណាមួយ អ្្នកប្រហែលជាសំណាងមិនល្អ ហើយស៊យនោះ ប្រហែលជាដើរជួបនឹងឆ្កែកាច ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកបាន។

ដូចនេះហើយ ក្នុងស្ថានការណ៏បែបនេះ អ្នកគួរដឹងពីវិធីសាស្រ្តដើម្បីដោះស្រាយ ដែលនឹងមានបង្ហាញជូននៅខាងក្រោម៖

វិធីសាស្រ្តការពារខ្លួននៅពេលជួបប៉ះចំ ឆ្កែកាច

១. កុំភ័យ

តាមពិតទៅ ប្រសិនបើអ្នកជួបឆ្កែកាច ហើយស្រាប់តែអ្នកភ័យខ្លាច ដូចជាស្រែក លើកដៃច្រងេងច្រង៉ាង ឬក៏ព្យាយាមរត់គេចនោះ អ្នកអាចនឹងធ្វើឲ្យសត្វឆ្កែដឹងថាអ្នកកំពុងភ័យខ្លាច ដែលអាចឲ្យវារឹតតែនឹងដេញខាំអ្នកថែមទៀត។ ដូចនេះ ត្រូវព្យាយាមធ្វើខ្លួនឲ្យស្រួល ហើយកុំបង្ហាញវាថាអ្នកភ័យខ្លាចឲ្យសោះ។

២. កំពុងធ្វើអ្វីក៏ដោយ ត្រូវបន្ថយល្បឿនសកម្មភាពរបស់អ្នក

ប្រសិនបើអ្នកកំពុងតែរត់កីឡា ឬដើរហាត់ប្រាណ ឬក៏ធ្វើអ្វីក៏ដោយ ស្រាប់តែជួបនឹងឆ្កែទំនងជាកាច អ្នកត្រូវប្រញ៉ាប់បន្ថយល្បឿនសកម្មភាពរបស់អ្នកជាបន្ទាន់ ហើយចេញបន្តិចម្តងៗយឺតៗពីឆ្កែនោះ ប៉ុន្តែត្រូវដៀងភ្នែកមើលទៅវានៅនឹងកន្ទុយភ្នែកផង។ វិធីមួយទៀត អ្នកអាចឈរឲ្យស្ងៀ​ម ជាមួយនឹងដៃរបស់អ្នកដាក់ចុះក្រោមស្របនឹងដងខ្លួន ដែលនឹងធ្វើឲ្យសត្វឆ្កែនោះបាត់បង់ចំណាប់អារម្មណ៏ និងដើរចេញទៅវិញ។

៣. ចៀសភ្នែកចេញពីវា

អ្វីដែលសំខាន់បង្អស់នោះ គឺត្រូវក្រឡេកមើលដោយចៀសភ្នែករបស់អ្នកឲ្យចេញផុតពីវា ដោយសារការដែលអ្នកមើលវាចំមុខនោះ អាចជាសញ្ញាគម្រាមកំហែង ដែលធ្វើឲ្យវាអាចនឹងព្យាយាមការពារខ្លួនដោយហក់មកខាំអ្នក។

៤. បង្វែរអារម្មណ៏វាទៅអ្វីផ្សេង

បើមានវត្ថុអ្វីកាន់ក្នុងដៃ អ្នកអាចយកវាមកប្រើបាន​ដើម្បីធ្វើឲ្យសត្វឆ្កែអាចចាប់អារម្មណ៏ទៅនឹងវត្ថុនោះវិញ។

ប្រភព៖ Her Interest