វិធីសាស្ត្រ ដើម្បីឲ្យមានអារម្មណ៍ល្អក្រោយពីធ្វើការអស់កម្លាំងពេញមួយថ្ងៃ

ការងារតែងតែមានស្ថានភាពធ្ងន់ឬស្រាលទៅតាមប្រភេទការងារ។ សម្រាប់អ្នកដែលធ្វើការក្នុងការិយាល័យមួយថ្ងៃពេញ ប្រាកដណាស់ពិតជាមានអារម្មណ៏ថាឈឺខ្លួន ចុកខ្នង ចុកចង្កេះជាមិនខាន។

ដូចនេះ យើងសូមលើកយកវីធីសាស្ត្រមួយចំនួនដើម្បីធ្វើឱ្យការអង្គុយធ្វើការក្នុងការិយាល័យរបស់អ្នកមានភាពងាយស្រួលនិងមានអារម្មណ៍ល្អប្រសើរ៖

១. ឈឺជើង

គន្លឹះសម្រាប់កុំឱ្យឈឺជើងគឺ កុំអង្គុយគងជើងលើគ្នា (គងអន្ទាក់ខ្លា) ដោយសារវាបង្អាក់លំហូរនៃចរន្តឈាម ធ្វើឱ្យសរសៃឈាមស្ទះ និងធ្វើឱ្យស្ពឹកជើង និងចុកជើង។ ចំណុចដែលអ្នកគួរធ្វើ គឺដាក់កៅអីរបស់អ្នក កុំឱ្យគែមកៅអីរបស់អ្នកប៉ះជង្គង់របស់អ្នក ហើយប្រសិនបើអាច អ្នកគួរតែយកកំណល់ជើងដាក់ដើម្បីកល់ជើងរបស់់អ្នក ដើម្បីឱ្យមុំនៃជើងរបស់អ្នកនៅប្រហាក់ប្រហែលនឹង ៩០ ដឺក្រេ។

២. ឈឺខ្នង

ប្រសិនបើកៅអីរបស់អ្នកធំខ្លាំងជាងមាឌរបស់អ្នក អ្នកនឹងត្រូវអង្គុយខិតទៅក្នុងជ្រៅ ដើម្បីឱ្យបានពេញខ្លួន។ ហេតុដូចនេះ អ្នកគួរដាក់ខ្នើយ ឬអ្វីទន់ៗលើកៅអីដើម្បីឱ្យអ្នកអាចអង្គុយពេញកៅអីបានល្អ។  ប្រសិនបើអ្នកអង្គុយភ្លាម ហើយមានអារម្មណ៏ថាមិនស្រណុកស្រួល អ្នកគួររង់ចាំប្រហែល ១ ទៅ ២ នាទីដើម្បីឱ្យសាច់ដុំរបស់អ្នកស៊ាំទៅនឹងកន្លែងដែលអ្នកអង្គុយ ជាជាងព្យាយាមដូរកន្លែងរហូតនោះ។

៣. ចុកដៃ

នៅពេលដែលអ្នកត្រូវប្រើប្រាស់កុំព្យូទ័រ ឬធ្វើឯកសារអ្វីមួយលើទឹក អ្នកអាចនឹងមានអារម្មណ៏ថាចុកដៃនៅពេលដែលអ្នកធ្វើវាយូរ។ ដើម្បីដោះស្រាយបានងាយៗ អ្នកគួរដាក់ Mouse និង Keyboard របស់អ្នកឱ្យស្មើនឹងកម្ពស់កែងដៃ អង្គុយឱ្យត្រង់ប្រហែល ៩០ ដឺក្រេទៅនឹងតុ ដើម្បីកុំឱ្យមានអារម្មណ៏ថាចុកដៃទៀត។

៤. ឈឺក

ដើម្បីចៀសវាងការចុកស្រពន់ក និងឈឺក្បាល អ្នកត្រូវតែដាក់ទីតាំង Monitor របស់អ្នកកុំឱ្យអោនចុះក្រោមពេក។ អ្នកគួរអង្គុយឱ្យត្រង់ខ្លួន រួចដាក់ឱ្យវានៅចំកណ្តាលកន្លែងដែលអ្នកសម្លឹងទៅ ដូចនេះ អ្នកនឹងមិនចាំបាច់អង្គុយកោងខ្លួន ហើយប្រឹងសំឡឹងមើលទៅកញ្ចក់ Monitor នោះឡើយ។

៥. ឈឺភ្នែក

ពេលដែលធ្វើការជាមួយកញ្ចក់កុំព្យូទ័រយូរពេក អ្នកប្រាកដជានឹងមានអារម្មណ៏ថាឈឺ និងក្តៅភ្នែក។ ប្រសិនបើអ្នកជួបបញ្ហានេះ អ្នកគួរសាកល្បងដាក់កញ្ចក់កុំព្យូទ័ររបស់អ្នកយ៉ាងណាឱ្យនៅចំកណ្តាលកម្ពស់នៃភ្នែក ហើយនៅប្រហែលចំងាយ ៥០ សម ពីអ្នក។

ប្រសិនបើអេក្រង់កុំព្យូទ័ររបស់អ្នកមានចំណាំងផ្លាតពីពន្លឺអ្វីផ្សេងនោះ អ្នកគួរព្យាយាមបាំងពន្លឺដែលចាំងនោះចេញពីអេក្រង់ ហើយគួរកំណត់កម្រិត Brightness, Contrast និងទំហំអក្សរឱ្យសមល្មមទៅនឹងអ្វីដែលអ្នកពេញចិត្ត។

ហើយកុំភ្លេចធ្វើលំហាត់ប្រាណសម្រាប់ភ្នែកអ្នកផងដែរ ដោយក្រឡេកទៅមើលអ្វីផ្សេងនៅជុំវិញបន្ទប់ ឬទៅក្រៅបង្អួចរៀងរាល់ម៉ោង ម្តងៗប្រហែលជា ២០ ទៅ ៣០ វិនាទី៕

ប្រភព៖ Bright Side