វិធីងាយ ៗ សម្រាប់ បុរស នារី ចង់បានសក់រលោងស្អាត !!

នៅពេលដែលសក់ស្អាតមួយមុខមិនគ្រប់គ្រាន់ទេគឺទាមទារការថែទាំអោយបានទៀងទាត់ ។ ថ្ងៃនេះសូមលើកយករបៀបងាយៗ តាមបែបធម្មជាតិ ៖

១, ស៊ុត ៖ យកផ្នែកសរបស់ស៊ុតមកលាយជាមួយប្រេងអូលីវមួយស្លាបព្រាកាហ្វេ ឬ ប្រេងអាល់ម៉ុន និង ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ លាយបញ្ចូលគ្នា រួចលាបលើសក់និងស្បែកក្បាលរួចយកមួកគ្របពីលើទុករយៈពេលប្រហែល ៣០ នាទី បន្ទាប់មកលាងសម្អាតជាមួយទឹកត្រជាក់ ។ _ វិធីមួយទៀតយកស៊ុត២គ្រាប់ ប្រេងអាល់ម៉ុន២ស្លាបព្រាកាហ្វេលាយជាមួយយ៉ាអ៊ួរកន្លះពែង ធ្វើដូចរបៀបខាងលើដែរ ។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្ដាហ៍ និង ធ្វើឱ្យសក់អ្នករលោងស្អាត ។

២, ស្រាបៀរ ៖ លាងសក់នឹងសាប៊ូថ្មម ៗ បន្ទាប់មកយកស្រាបៀរលាបពីលើដោយផ្ទាល់រួចច្បូតសក់ថ្មម ៗ ដើម្បីឱ្យប្រូតេអុីនដែលមានក្នុងស្រាបៀរជ្រាបចូលក្នុងស្បែកក្បាលទុករយៈពេល ៥នាទីរួចកក់សម្អាតសក់ជាមួយទឹកក្ដៅអ៊ុន ៗ ។ ធ្វើបែបនេះ ២សប្ដាហ៍ម្តង ។

៣, ប្រេងដូង ៖ វាមានសារធាតុគីមីម្យ៉ាងដែលអាចព្យាបាលកោសិកាសក់ខូចនិងធ្វើឱ្យសក់មានសំណើម ។ លាបប្រេងដូងក្ដៅអ៊ុន ៗលើសក់ពីឫសទៅដល់ចុងសក់បន្ទាប់មកម៉ាស្សាសក់ថ្នម ៗ ដើម្បីឱ្យប្រេងជ្រាបចូលសព្វល្អ ហើយគ្របកន្សែងពោះគោទុករយៈពេល ៣០នាទី រួចលាងសម្អាតសក់ដោយសាប៊ូនឹងទឹកធម្មតា ៕

អត្ថបទ ៖ NGAN SOKNY, ណែនាំដោយលោកវេជ្ជៈបណ្ឌិត ចាន់ សុីណេត