វិជ្ជាមេផ្ទះ៖ របៀបធ្វើ ‎ជើងជ្រូកបំពង់ស្រួយ‬

ថ្ងៃនេះ យើងសូមបង្ហាញពី របៀបធ្វើ‎ជើងជ្រូកបំពង់ស្រួយ‬ដល់ប្រិយមិត្តដូចខាងក្រោម៖

របៀបធ្វើ ‎ជើងជ្រូកបំពង់ស្រួយ‬

គ្រឿងផ្សំ‬៖

– ជើងជ្រូក(ជើងមុខ)១គ.ក្រ
– អុបឆឺយ(ឈើឯម) ៣ចំណិត
– ប៉ូចកាក់ ៤ផ្កា
– ឬសជីរវ៉ាន់ស៊ុយ ដំឲ្យបែក ៤គល់
– ខ្ទឹមស ៨ទៅ ១០កំពឹស
– ម្រេចគ្រាប់ ១០គ្រាប់
– ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
– ទឹកម្ទេស ៣ស្លាបព្រាបាយ
– បន្លែស្រស់ៗ ស្ពៃក្ដោប ប៉េងប៉ោះ ១មុខៗ ២០០ក្រាម
– ប្រេងឆា សម្រាប់បំពង ២វែកសម្ល

‎វិធីធ្វើ‬៖

– ជើងជ្រូក រោលឆ្អើរភ្លើងឲ្យក្រៀម មុននឹងយកទៅលាងទឹកឲ្យស្អាត កោររោមរលីង រួចលាងទឹកម្ដងទៀត ហើយសំដិលឲ្យស្ងួត ។
– បុកខ្ទឹមស ម្រេច និង ឫសជីរវ៉ានស៊ុយចូលគ្នា ទុកមួយអន្លើសិន ។
– ជើងជ្រូក រៀបដាក់ចូលឆ្នាំង សម្រាប់ស្ងោរ ចាក់ទឹកចូលល្មមលិច រួចបង់ មើមខ្ទឹម ម្រេច និងឫសជីរវ៉ាន់ស៊ុយ ដែលបុកហើយ ចូល។ ថែមអុបឆឺយ ប៉ូចកាក់ ទឹកស៊ីអ៊ីវ និងទឹកម្ទេស ហើយរំងាស់ប្រមាណ២ម៉ោង ។ បើរីងទឹក ថែមទឹកចូលទៀត រំងាស់រហូតជើងជ្រូកផុយ សឹមស្រង់ឡើងទុកឲ្យស្ងួត ។
– ដាក់ខ្ទះលើភ្លើងឲ្យក្ដៅ ហើយចាក់ប្រេងឆាចូល ។ បន្ទាប់មកដាក់ជើងជ្រូក នោះចូលបំពងឲ្យស្រួយ ដោយប្រើរយៈពេលប្រមាណ ១៥ ទៅ ២០នាទី សឹមដួសឡើងទុកឲ្យស្រស់ប្រេង ។
– រៀបជើងជ្រូកបំពង ដាក់ចាន និងបន្លែ ទឹកត្រីបុក ញ៉ាំជាមួយបាយក្ដៅៗ ពិតជាឆ្ងាញ់ជាប់មាត់។

ប្រភព៖ បុត្រ លក្ខិណា