លោកបណ្ឌិត គឺម ហ៊ាង៖ បើចង់ជោគជ័យក្នុងវិស័យអចលទ្រព្យអ្នកគម្បីមាន៥ចំនុច

លោក​បណ្ឌិត​ គឹម ហ៊ាង ​ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE បាន​លើក​ឡើង​ថា​ ៖ ការរកស៊ីនៅក្នុងវិស័យអចលទ្រព្យមិនចេះតែជោគជ័យនោះទេ មានអ្នកខ្លះទទួលបានជោគជ័យរហូតក្លាយជាអ្នកមាន ចំណែកអ្នកខ្លះទៀតបរាជ័យនៅក្នុងវិស័យនេះ។ យោងតាមបទពិសោធន៍របស់លោក លោកបានលើកឡើងនូវកត្តា៥ចំនុចដែលអាចជោគជ័យនៅក្នុងវិស័យនេះ។

ខាង​ក្រោម​នេះ ​គឺ​ជា​ការ​ចែក​រំលែកនូវ​ចំណុច​ពិសេស​ទាំង​ ៥ពីលោក​បណ្ឌិត​ គឹម ហ៊ាង​៖

ទី១​ បុគ្គល​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ៖ មាន​ន័យ​ថា​ បុគ្គល​នោះ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​ចំណេះ​ដឹង​ត្រឹម​ថ្នាក់​មហាវិទ្យាល័យ​ដែរ ដោយ​ក្នុង​នោះ​អ្នក​ត្រូវ​យល់​ដឹង​ផ្នែក​ភូមិសាស្រ្ត យល់​ដឹង​អំពី​សេដ្ឋកិច្ច យល់​ដឹង​អំពី​និន្នាការ​នយោបាយ យល់​ដឹង​អំពីការ​អភិវឌ្ឍ​ទីក្រុង យល់​អំពី​អត្តចរឹត​របស់​មនុស្ស ចេះ​ភាសា​បរទេស ទាំង​នេះ​សុទ្ធ​តែ​ជា​ចំណេះ​ដឹង​ទូទៅ​ដែល​អ្នក​ត្រូវ​មាន។

ទី​២ ​​ត្រូវ​មាន​ចំណេះ​ដឹង​ដី​ធ្លី ឬ​ចំណេះ​ដឹង​ជំនាញ៖ គឺ​អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​ចេះ​វាយ​តម្លៃ​ដីធ្លី ចេះ​ទិញ​ដីធ្លី ព្រម​ទាំង​ត្រូវ​ចេះ​គិត​គូរ​ដល់​អ្នក​ដទៃ ពោល​គឺ​ចាំ​បាច់​ត្រូវ​តែ​មាន​ជំនាញ​វិជ្ជា​ជីវៈ​ច្បាស់​លាស់​នៅ​ក្នុង​វិស័យ​នេះ។

ទី៣ ត្រូវ​មាន​ទំនាក់​ទំនង​ស្គាល់​មនុស្ស​ទូទៅ៖ ឧទាហរណ៍​ថា​អ្នក​លក់​របស់​ដែល​មាន​តម្លៃ​១លាន​ដុល្លា តែ​បើ​សិន​ជា​អ្នក​មិន​ស្គាល់​អ្នក​ធំ​ មិន​ស្គាល់​អ្នក​ដែល​មាន​លុយ​ផង ​តើ​អ្នក​លក់​ធ្វើ​ម៉េច​នឹង​ដាច់​ ដូច្នេះ​អ្នក​ចាំបាច់​ត្រូវ​តែ​មាន​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​ឲ្យ​បាន​ទូលំទូលាយ​មិន​ថា​អ្នក​ធំ​ អ្នក​តូច ឬ​អ្នក​មាន​អ្នក​ក្រ​នោះ​ឡើយ។

ទី៤ លោក​បណ្ឌិត​បាន​លើក​ឡើង​ថា អាជីវកម្ម​ប្រភេទ​នេះ​ប្រៀប​ដូច​ជា​ការ​ដាំ​ដើម​ត្នោត​ដូច្នោះ​ដែរ មាន​ន័យ​ថា ​មិន​មែន​យើង​រកស៊ី​ភ្លាម​បាន​លុយ​ភ្លាម​នោះ​ទេ លោក​បន្ត​ថា​សម្រាប់​រូបលោក​ លោក​បាន​ចំណាយ​ពេល​រហូត​ដល់​១២​ឆ្នាំ​ក្នុង​ការ​វិនិយោគ​ ដោយ​ឡែក​សម្រាប់​មនុស្ស​មួយ​ចំនួន​វិញ​ទើប​តែ​ចាប់​ផ្ដើម​បាន​រយៈ ​១ឆ្នាំ​ហើយ​ចង់​ក្លាយ​ជា​អ្នក​មាន​គឺ​ពិត​ជា​មិន​អាច​នោះទេ ដូច្នេះ​អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ចិត្ត​អំណត់​ក្នុង​ការ​រង់ចាំ។

ទី៥ មាន​ទេពកោសល្យ​៖ “មនុស្ស​មួយ​ចំនួន​រកស៊ី​អ្វី​ក៏​ខាត​ដែរ​ ប៉ុន្តែ​មក​រកស៊ី​ក្នុង​វិស័យ​នេះ​បែរជា​ចំណេញ ខ្ញុំ​លក់​បាន​ច្រើន​មិន​មែន​ខ្ញុំ​ពូកែ​នោះ​ទេ បុគ្គលិក​របស់​ខ្ញុំ​ខ្លះ​គាត់​និយាយ​ថា​មេ​មិន​សូវ​ពូកែ​ទេ​តែ​ហេតុ​អី​មេ​អាច​លក់​បាន​ច្រើន​ ខ្ញុំ​ថា​មក​ពី​មាន​ដុង(ទេពកោសល្យ)​ ទោះ​បី​ជា​ប្អូន​ចេះ​ច្រើន​ជាង​ខ្ញុំ​មែន​ប៉ុន្តែ​បើ​ប្អូន​គ្មាន​ដុង​ខាង​លក់​ទេ​ប្អូន​លក់​យ៉ាងម៉េច​នឹង​ដាច់” នេះ​ជា​ការ​លើក​ឡើង​របស់​លោក​បណ្ឌឹត គឹម ហ៊ាង៕

អត្ថបទ៖ Lonh Vuthy