រឿងបុរសដើលើផ្ទៃទឹក

នៅថ្ងៃមួយមានបុរសម្នាក់ចង់ធ្វើដំណើរឆ្លងស្ទឹងទៅត្រើយម្ខាងទៀត គ្រានោះមានគ្រូមន្តអាគមន៍ម្នាក់ក៏បានឲ្យគាថាមួយ បិតជាប់នឹងស្មារបស់បុរសនោះ ហើយក៏និយាយផ្តាំផ្ញើរទៅកាន់បុរសនោះថា៖ ” កុំខ្លាច ឲ្យតែរក្សានូវជំនឿចិត្ត នោះឯងនឹងអាចដើរឆ្លងកាត់ស្ទឹងបាន តែបើឯងបាត់បង់ជំនឿចិត្តវិញនោះឯងនឹងលិចទៅក្នុងស្ទឹងជាក់ជាមិនខានឡើយ។” បុរសនោះបានចាប់ផ្តើមធ្វើដំណើរឆ្លងស្ទឹង ដោយអារម្មណ៍នឹកចង់ដឹងថាតើលោកគ្រូបានបិតអ្វីលើស្មារបស់គាត់ គាត់ក៏បានបកវាមកមើល តែពេលនោះមានតែស្លឹកឈើមួយសន្លឹកដែលសរសេរអក្សរថា ” ត្រូវរក្សាជំនឿចិត្តលើខ្លួនឯង ” តែប៉ុណ្ណោះ។ បុរសនោះក៏គិតថា ” យីគ្រាន់តែពាក្យប៉ុណ្ណេះសោះ តើអាចធ្វើឲ្យមនុស្សដើរលើផ្ទៃទឹក ដើម្បីឆ្លងទៅត្រើយម្ខាងបានយ៉ាងដូចម្តេច?” ដោយអស់ជំនឿគាត់ក៏លិចចុះទៅក្នុងទឹកភ្លាម។ ដូច្នេះសាច់រឿងនេះ បានសរបញ្ជាក់ថា៖

  • ជំនឿចិត្តជាថាមពលអាថ៌កំបាំង ដែលនឹងផ្តល់ឲ្យអ្នកនូវកម្លាំងដ៏មហិមាគ្មានទីបញ្ចប់។
  • គ្រាដែលអ្នកបាត់បង់នូវជំនឿចិត្ត នោះអ្នកនឹងបាត់បង់នូវអ្វីៗទាំងអស់ពេញមួយជីវិតរបស់អ្នក។
  • ការសង្ស័យ គឺជាអាវុធកំណាចដ៏សាហាវបំផុតដែលនឹងពន្លិចអ្នកឲ្យលិចលង់ក្នុងនរក។
  • តើអ្នកមានជំនឿថា អ្នកអាចធ្វើ ឬសម្រេចបានដែររឺទេនូវបំណងរបស់អ្នក?
  • តើជំនឿចិត្ត ដែលមិនមានសកម្មភាព អាចនឹងកសាងឲ្យចេញជាលទ្ធផលដែរឬទេ?

អត្ថបទដោយ៖ Lonh Vuthy