មានវិន័យ ៣ យ៉ាងដើម្បីក្លាយជាបុគ្គលជោគជ័យ

គ្មាននរណាម្នាក់ដែលមិនចង់ទទួលបានជោគជ័យក្នុងឆាកជីវិតនោះទេ ទាំងមុខរបរ និងការងារ។ យើងមិនដឹងពីអ្វីដែលយើងកំពុងមើលរម្លង ដែលគិតថាវាសាមញ្ញ ហើយមិនចាំបាច់ ប៉ុន្តែប្រសិនណាយើងមិនធ្វើវា ហើយចេះតែព្រងើយកន្តើយនោះ វាពិតជាមិនអាចនាំឲ្យយើងទទួលបានជោគជ័យឡើយ។ ចំណុចទាំងបីខាងក្រោមនេះគឺជាគន្លឹះដ៏សំខាន់ ដែលនាំឲ្យអ្នកក្លាយជាបុគ្គលជោគជ័យ៖

១. ទៀងទាត់ពេលវេលា

ការគោរពពេលវេលា នាំឲ្យអ្នកដទៃមានទំនុកចិត្តចំពោះអ្នក។ គេតែងយល់ថា អ្នកដែលគោរពពេលវេលា គឺជាបុគ្គលជាក់លាក់ ច្បាស់លាស់ និងឲ្យតម្លៃដល់អ្នកដទៃជានិច្ច។ ក្នុងសសុភាសិតខ្មែរក៏បានពោលដែរថាៈ ពេលវេលា ជាមាសប្រាក់។ ចំពោះអ្នកជំនួញពេលវេលាមួយនាទីៗ របស់ពួកគេមានតម្លៃខ្លាំងណាស់ ។ ឧទាហរណ៍ៈ ការណាត់ជួបពិភាក្សាដោះដូរ មួយដែលមានតម្លៃប្រាក់ ១០០០០ ដុល្លា ។ការដោះដូរនេះត្រូវផុតកំណត់រយៈពេលមួយម៉ោង។ ប៉ុន្តែក្នុងចំណោមនោះមានសមាជិកសំខាន់ម្នាក់ ធ្វើឲ្យខកវេលាដោះដូរទំនិញនោះ ។ ម៉្លោះហើយធ្វើឲ្យការជួញដូរនោះបរាជ័យ មនុស្សរាល់គ្នាដែលរំពឹងថានឹងបានចំណេញប្រាក់ តែបែមិនបាន រមែងមានការខឹងសម្បារ និងផ្តល់តម្លៃយ៉ាងទាបដល់បុគ្គលម្នាក់នោះ។ ដូច្នេះ ពេលវេលាមានឥទ្ធិយ៉ាងខ្លាំងចំពោះបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗ។

២. ការគោរពអ្នកដទៃ

អ្នកតែងតែចង់ទទួលបានការគោរពពីអ្នកដទៃ រីឯអ្នកដទៃក៏មិនខុសពីអ្នកដែរ។ បើទុកជាអ្នកជាអ្នកដឹកនាំ ជាថៅកែក៏ដោយចុះ អ្នក៏ត្រូវតែមានការគោរពស្រឡាញ់ មនុស្សជុំវិញខ្លួន បុគ្គលិក ដៃគួអាជីវកម្ម ក៏ដូចជាអ្នកនៅក្រោមបង្គាប់អ្នកផងដែរ។​​ កាលណាអ្នកគោរពអ្នកទាំងនោះ ពួកគេតែងឲ្យតម្លៃដល់អ្នក ផ្តល់ក្តីស្មោះត្រង់ ផ្តល់ភាពជឿជាក់ និងទំនុកចិត្តចំពោះអ្នកវិញជាពុំខាន។ ទាំងអស់នេះវាធ្វើឲ្យអាជីវកម្ម ឬមុខជំនួញរបស់អ្នកកាន់តែល្អប្រសើរ។

៣. ផ្តល់ក្តីស្រឡាញ់ និងការលើកទឹកចិត្ត

បើអ្នកចង់ក្លាយជាអ្នកដឹកនាំ ឬថៅកែដ៏ជោគជ័យម្នាក់ ដែលមានបុគ្គលិកស្មោះត្រង់ និងក្តីស្រឡាញ់ចំពោះការងាររបស់ពួកគេ ឬក្រុមហ៊ុនរបស់អ្នកនោះ អ្នកត្រូវមានការលើកទឹកចិត្ត និងផ្តល់ក្តីស្រឡាញ់ដល់ពួកគេដោយយុត្តិធម៌មិនលម្អៀង។ ក្តីស្រឡាញ់មានអនុភាពធំធេងណាស់ចំពោះបុគ្គលម្នាក់ៗ ពួកគេទទួលបានភាពកក់ក្តី ពីថ្នាក់ដឹកនាំ ឬថៅកែចំពោះពួកគេមិនលម្អៀង ពួកគេរមែងមានភាពស្មោះត្រង់ និងជួយអភិវឌ្ឍន៍ ដល់មុខជំនួញ និងការងាររបស់អ្នកឲ្យកាន់តែរីកចម្រើនទៅមុខ៕

អត្ថបទៈ គង់ ពេជ្រ