មនុស្ស ៤ ប្រភេទដែលពិបាកក្នុងការទទួលជោគជ័យ

 

មនុស្សដែលទទួលបានជោគជ័យ លុះណាតែជៀសវាងពីចំណុចទាំងបួន ដែលនាំឲ្យពួកគេបាត់បង់ឱកាស និងមិនអាចទទួលបានជោគជ័យក្នុងឆាកជីវិតឡើយ។

ចំណុចទាំងបួននោះរួមមាន៖

១. ការខ្វះនូវមហិច្ឆតាក្នុងខ្លួន

មនុស្សកាលណាដែលខ្វះខាតនូវមហិច្ឆតានៅក្នុងខ្លួនហើយ មនុស្សទាំងនោះតែងតែខ្វះគោលដៅ មិនដឹងថាខ្លួនត្រូវធ្វើអ្វីឲ្យប្រកដ​ មិនដឹងថាត្រូវដើរទៅទិសមួយណាឲ្យច្បាស់លាស់ក្នុងឆាកជីវិត។ កុំថាឡើយ គោលដៅក្នុងរយៈ ១០ ឆ្នាំ ១ ឆ្នាំ មួយត្រីមាស សូម្បីតែមួយថ្ងៃក៏គេមិនដឹងថាត្រូវធ្វើអ្វីឲ្យប្រាកដប្រជាដែរ។ មនុស្សខ្វះមហិច្ឆតា គឺខ្វះគោលដៅ ខ្វះភាពតស៊ូ ខ្វះការជឿជាក់ និងមិនងាយនឹងទទួលបានជោគជ័យឡើយ។

២. មនុស្សដែលមានអំនួតចំពោះខ្លួនឯង

មនុស្សដែលមានអំនួត ប្រៀបបានជាឈើប្រហោងក្នុងអ៊ីចឹង។ មនុស្សដែលមានអំនួតតែងយល់ច្រឡំថាខ្លួនឯងពូកែលើសគេទាំងអស់ ហើយមិនខ្លាចក្រែងដល់មនុស្សពូកែពិតដែលនៅក្បែខ្លួននោះទេ។ មនុស្សប្រភេទនេះគឺមិនអាចទទួលបាន ឬមិនងាយទទួលបាន ឬក៏មិនព្រមទទួលយកចំណោះដឹងល្អៗពីអ្នកដែលមានចំណេះដឹងជាងខ្លួន ដោយហេតុថា ពួកយល់ថាពួកគេចេះអស់ហើយ ពួកគេមានសមត្ថភាពគ្រប់គ្រាន់ហើយ។ កត្តាទាំងនេះដែលធ្វើឲ្យពួកគេបាត់បង់ឱកាសទទួលបានជោគជ័យពិតប្រាកដ។

៣.​ មិនព្រមទទួលយកការរិះគន់ពីអ្នកដទៃ

មនុស្សដែលគេចវេសពីការរិះគន់​ និងការស្តីបន្ទោសពីអ្នកដទៃ មានន័យថាពួកគេ គឺជាមនុស្សដែល គេចវេសមិនព្រមទទួលស្គាល់រាល់កំហុសតូចធំរបស់ខ្លួនដែលជាចំណុចខ្វះខាតដែលត្រូវបំពេញបន្ថែម តែគេបែជារត់គេចទៅវិញ។ ពួកគេចង់បានតែការសរសើរ និងការលើកទឹកចិត្តប៉ុណ្ណោះ ។ ត្រូវចងចាំថា ការរិះគន់ ការតិចតៀនពីអ្នកជុំវិញខ្លួនវាជាមេរៀនដ៏សំខាន់សម្រាប់ ការបណ្តុះបន្ថែមនូវសមត្ថភាពកុំមានកំហុសច្រំដែលនៅថ្ងៃក្រោយ។

៤.​ ចូលចិត្តរាប់អានមនុស្សខ្ជិល ឬខ្សោយជាងខ្លួន

មនុស្សដែលមិនងាយទទួលបានជោគជ័យ តែងតែតាំងខ្លួនជាអ្នកចេះក្នុងចំណោមអ្នកល្ងង់ ម្ល៉ោះហើយគេមិនអាចទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងបានឡើយ។ ផ្ទុយទៅវិញខ្លួនគេរឹងរឹតតែ មានសមត្ថភាពកាន់តែខ្សោយទៅបន្តិចៗម្តង បើប្រៀបទៅនឹងបរិយាកាសដែលមានអ្នកមានចំណោះដឹងពិតប្រាដកប្រាកដ។​ ខ្លួនគេប្រៀបបានដូចកង្កែបក្នុងអណ្តូងដែលមិន ទទួលបានជោគជ័យធំឡើយក្នុងជីវិត៕

អត្ថបទៈ គង់ ពេជ្រ