ការធ្វើជំនួញមានពីរប្រភេទ

ក្នុងការធ្វើជំនួញសព្វថ្ងៃ គេសង្កេតឃើញមានការធ្វើជំនួញផ្សេងៗគ្នាជាច្រើន ប៉ុន្តែគេបានបែងចែកការធ្វើជំនួញទាំងនោះតែពីរប្រភេទប៉ុណ្ណោះគឺ ការធ្វើជំនួញតាមជំនាញ និងការធ្វើជំនួញតាមតម្រូវការទី ផ្សារ ។ តើការ ធ្វើជំនួញទាំងពីរនេះមានភាពខុសគ្នាយ៉ាងណា និងលទ្ធផលយ៉ាងណាដែរ?

១. ការធ្វើជំនួញតាមជំនាញ

មានន័យថាអ្នកជំនួញធ្វើការតាមជំនាញ និងចំណេះដែលគេបានចេះចាំ ពួកគេមានការយល់ដឹងពីការរកស៊ីយ៉ាងច្បាស់លាស់ ។ ការធ្វើជំនួញតាមជំនាញ វាមានភាពប្រទាំងប្រទើសខ្លាំងទៅនឹងតម្រូវការទីផ្សារ ប្រឈមមុខនឹងការប្រកួតប្រជែងច្រើន ប្រឈមមុខទៅនឹងគុណភាព និងការធ្លាក់ចុះនូវតម្លៃជាដើម។ បើទុកជាមានការប្រឈមបែបណាក្តី ក៏អ្នកជំនួញបែបនេះចេះបត់បែនគ្រប់កាលៈទេសៈ ហើយដោះស្រាយវាបានយ៉ាងរលួនតាមជំនាញរបស់ពួកគេ។ អ្នកធ្វើជំនួញបែបនេះតែងរក្សាបាននូវកិត្តិនាមហាងរបស់ខ្លួនបានយូរអង្វែង។

២. ការធ្វើជំនួញតាមតម្រូវការទីផ្សារ

ការធ្វើជំនួញបែបនេះគឺ អ្នកជំនួញផ្តោតសំខាន់ទៅលើតម្រូវការរបស់អតិថិជន។ ពួកគេចេះក្តាប់ឱកាសទីផ្សារ ហើយចេះបត់បែនតានស្ថានភាពទីផ្សារជានិច្ច។ អ្នកជំនួញប្រភេទនេះ តែងបង្កើតឲ្យមាននូវអាជីវកម្មជាថ្មីៗច្រើនដូចជា ហាងបាយ ហាងលក់សម្លៀកបំពាក់ ជាដើម។ ជំនួញប្រភេទនេះប្រឈមមុខទៅនឹងការបាត់បង់នូវឈ្មោះដើម ឬ Brand Name របស់ខ្លួន។

គួរបញ្ជាក់ផងដែរថាការធ្វើជំនួញទាំងពីរប្រភេទនេះគឺទទួលបានជោគជ័យដូចគ្នា ដោយគ្រាន់តែរបៀបនៃការធ្វើខុសគ្នាតែតែប៉ុណ្ណោះ៕  អត្ថបទៈ គង់ ពេជ្រ